ចម្បកបុប្ផិយត្ថេរាបទានទី ៤
ក្បាលទី 60 · ទំព័រ 810
មានភ្នំឈ្មោះវិកនៈ នៅជិតព្រៃហិមពាន្ត មានសមណៈ ១ អង្គ មានឥន្ទ្រិយស្រគត់ស្រគំ គង់នៅកណ្តាលភ្នំនោះ ។ ខ្ញុំ មានចិត្តជ្រះថ្លា បានឃើញសេចក្តីស្ងប់រម្ងាប់របស់សមណៈនោះ ទើបកាន់ផ្កាចម្បា ៣ ទង ចូលទៅរោយរាយ ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះចម្បកបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។