បណ្ណទាយកត្ថេរាបទានទី ៨
ក្បាលទី 60 · ទំព័រ 817
ខ្ញុំស្លៀកសំពត់សម្បកឈើ នៅជិតភ្នំហិមពាន្ត ជាអ្នក បរិភោគស្លឹកឈើ មិនមានរសប្រៃផង សង្រួមក្នុងការប្រព្រឹត្ត ទាំងឡាយផង ។ ក្នុងពេលបាយព្រឹក ព្រះសិទ្ធត្ថសម្ពុទ្ធ ស្តេច ចូលមករកខ្ញុំ ខ្ញុំមានចិត្តជ្រះថ្លា បានថ្វាយចង្ហាន់ស្លឹកឈើនោះ ដល់ព្រះសម្ពុទ្ធ ដោយដៃរបស់ខ្លួន ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយស្លឹកឈើ ខ្ញុំមិន ដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយស្លឹកឈើ ក្នុងកប្បទី ២៧ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមយទត្ថិយៈ ទ្រង់បរិបូណ៌ ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង សាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះបណ្ណទាយកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។