បទុមុក្ខិបវគ្គោ

ក្បាលទី 60 · ទំព័រ 824

ខ្ញុំ ( បានឃើញ ) ព្រះសិទ្ធត្ថសម្ពុទ្ធ ទ្រង់មានវណ្ណៈ ដូចមាស កំពុងនិមន្តទៅត្រង់ចន្លោះរានផ្សារ ក៏កាន់យកផ្កាឈូក ២ ទង ចូលទៅរកព្រះពុទ្ធ ជានរាសភៈ ។ ខ្ញុំដាក់ចុះនូវផ្កា ១ ទង ទៀបព្រះបាទានៃព្រះពុទ្ធដ៏ប្រសើរ ហើយកាន់យកនូវផ្កា ១ ទង បោះឡើងទៅនាអាកាស ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផល នៃការបូជាផ្កា ។ ក្នុងកប្បទី ៣២ អំពីកប្បនេះ ខ្ញុំបានកើតជា ស្តេចចក្រពត្តិ ១ អង្គ ជាម្ចាស់ផែនដី ព្រះនាមអន្តលិក្ខករៈ ទ្រង់ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះអាកាសុក្ខិបិយត្ថេរមានអាយុ បានសម្តែង នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។