តេលមក្ខិយត្ថេរាបទានទី ២
ក្បាលទី 60 · ទំព័រ 826
កាលព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ ជានរាស់ភៈ បរិនិព្វានហើយ ក្នុងកាលនោះ ខ្ញុំបានលាបប្រេងត្រង់ខឿន ពោធិព្រឹក្ស ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានលាបប្រេង ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជា ផលនៃការលាបប្រេង ។ ក្នុងកប្បទី ២៤ អំពីកប្បនេះ ខ្ញុំបាន កើតជាស្តេចចក្រពត្តិ ព្រះនាមសុច្ឆវិ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះតេលមក្ខិយត្ថេរមានអាយុ បានសម្តែង នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។