អឌ្ឍចន្ទិយត្ថេរាបទានទី ៣
ក្បាលទី 60 · ទំព័រ 828
ខ្ញុំបានថ្វាយក្បាច់អឌ្ឍចន្ទ ចំពោះពោធិព្រឹក្សដ៏ឧត្តម របស់ព្រះមានព្រះភាគ ព្រះនាមតិស្សៈ ដែលជាឈើដុះលើ ធរណី ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបាន ថ្វាយអឌ្ឍចន្ទ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជា ពោធិព្រឹក្ស ។ ក្នុងកប្បទី ២៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេច ចក្រពត្តិ ព្រះនាមតេវលៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការមាន កម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំ បានប្រតិបត្តិហើយ ។ បានឮថា ព្រះអឌ្ឍចន្ទិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។