វិឡាលិទាយកត្ថេរាបទានទី ៥
ក្បាលទី 60 · ទំព័រ 832
មានភ្នំមួយ ឈ្មោះរោមសៈ នៅជិតព្រៃហិមពាន្ត ព្រះពុទ្ធជាសមណៈមួយអង្គ មានឥន្ទ្រិយស្រគត់ស្រគំ ( គង់នៅ ) ក្បែរជើងភ្នំនោះ ។ ខ្ញុំយកដំឡូងដៃខ្លា ទៅប្រគេនព្រះសមណៈ ឯ ព្រះសយម្ភូ ជាមហាវីរៈ ទ្រង់ឈ្នះកិលេស បានអនុមោទនាថា អ្នកមានចិត្តជ្រះថ្លា បានថ្វាយដំឡូងដៃខ្លាដល់តថាគត ផលតែង កើតឡើងដល់អ្នក ក្នុងភពដែលអ្នកកើត ។ ក្នុងកប្បទី ៩៤ អំពី កប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយដំឡូង ខ្ញុំមិនដែលស្គាល់ ទុគ្គតិ នេះជាផលនៃដំឡូងដៃខ្លា ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិ ហើយ ។ បានឮថា ព្រះវិឡាលិទាយកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។