មច្ឆទាយកត្ថេរាបទានទី ៦
ក្បាលទី 60 · ទំព័រ 834
ក្នុងកាលនោះ ខ្ញុំកើតជាសត្វអក នៅលើឆ្នេរស្ទឹង ចន្ទភាគា ខ្ញុំបានយកត្រីដ៏ធំ ថ្វាយដល់ព្រះមុនី ព្រះនាមសិទ្ធត្ថៈ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំ បានថ្វាយត្រី ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយត្រី ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ ជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិ ហើយ ។ បានឮថា ព្រះមច្ឆទាយកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។