សលឡបុប្ផិយត្ថេរាបទានទី ៨
ក្បាលទី 60 · ទំព័រ 836
ក្នុងកាលនោះ ខ្ញុំកើតជាកិន្នរ នៅក្បែរឆ្នេរស្ទឹងចន្ទភាគា បានឃើញព្រះពុទ្ធ ព្រះនាមវិបស្សី ទ្រង់បរិបូណ៌ដោយ បណ្តាញ គឺរស្មី ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ ដោយបីតិ យ៉ាងក្រៃលែង បានកាន់យកផ្កាស្រល់ រោយរាយថ្វាយចំពោះ ព្រះវិបស្សី ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែល ខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះសលឡបុប្ផិយត្ថេរមានអាយុ បានសម្តែង នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។