ឯកញ្ជលិយត្ថេរាបទានទី ៥

ក្បាលទី 60 · ទំព័រ 849

ខ្ញុំបានប្រគេនឱកាសជាទីនៅ លើកម្រាលស្លឹកឈើ ដែលខ្ញុំតាំងទុកដល់ព្រះសមណៈ ( ព្រះនាមតិស្សៈ ) ទ្រង់ស្វែងរក នូវគុណធំ កាលគង់នៅជិតដើមល្វា ។ ខ្ញុំផ្គងអញ្ជលី ហើយ ក្រាលកម្រាលផ្កា ថ្វាយព្រះតិស្សសម្ពុទ្ធ ជាធំជាងសត្វជើង ២ ជាទីពឹងនៃសត្វលោក ជាតាទិបុគ្គល ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើកម្រាលផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃកម្រាល ។ ក្នុងកប្បទី ១៤ អំពីកប្បនេះ ខ្ញុំបាន កើតជាស្តេចចក្រពត្តិ ជាធំជាងពួកមនុស្ស ព្រះនាមឯកអញ្ជលិកៈ ទ្រង់មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះឯកញ្ជលិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។