ចិតកបូជកត្ថេរាបទានទី ៧
ក្បាលទី 60 · ទំព័រ 853
ខ្ញុំដើរទៅកាន់ទីបណ្តោយខ្សែទឹក លើឆ្នេរស្ទឹងចន្ទភាគា ខ្ញុំបានយកផ្កាជ្រៃ ៧ ដាក់បូជាជើងថ្ករ ។ ក្នុងកប្បទី ៩៤ អំពី កប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាជើងថ្ករ ខ្ញុំមិនដែលស្គាល់ ទុគ្គតិ នេះជាផលនៃការបូជាជើងថ្ករ ។ ក្នុងកប្បទី ៦៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមបដិជគ្គៈ ទ្រង់បរិបូណ៌ ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង សាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះចិតកបូជកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។