អាលុវទាយកត្ថេរាបទានទី ៨

ក្បាលទី 60 · ទំព័រ 855

មានស្ទឹងធំ ១ ឈ្មោះសុទស្សនៈ នៅក្បែរភ្នំហិមពាន្ត ខ្ញុំបានឃើញព្រះសម្ពុទ្ធ ព្រះនាមសុទស្សនៈ មានរស្មីល្អ ទ្រង់ ប្រាសចាករាគៈ គង់នៅក្បែរស្ទឹងនោះ ។ លុះខ្ញុំឃើញព្រះអង្គ ប្រកបក្នុងសេចក្តីស្ងប់រម្ងាប់ យ៉ាងក្រៃលែង ខ្ញុំមានចិត្តសង្វេគ ជ្រះថ្លា បានថ្វាយវល្លិភ្នំ ជាខ្សែស្បៀងដល់ព្រះសុទស្សនៈអង្គ នោះ ដោយដៃរបស់ខ្លួន ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុង កាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយវល្លិភ្នំ ខ្ញុំមិនដែលស្គាល់ ទុគ្គតិ នេះជាផលនៃវល្លិភ្នំ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះអាលុវទាយកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។