តរណិយត្ថេរាបទានទី ១០
ខ្ញុំមានចិត្តជ្រះថ្លា បានស្ថាបនាស្ពាន ត្រង់ផ្លូវធំដែល មានជង្ហុក ដើម្បីប្រយោជន៍ដល់ការឆ្លងនៃសត្វលោក ដោយដៃ របស់ខ្លួន ។ ក្នុង កប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំ បានស្ថាបនាស្ពាន ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការឲ្យ ស្ពាន ។ ក្នុងកប្បទី ៥៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ១ អង្គ ព្រះនាមសមោគតៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការមាន កម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះតរណិយត្ថេរមានអាយុ បានសម្តែងនូវគាថា ទាំងនេះ ដោយប្រការដូច្នេះ ។ តរណិយត្ថេរាបទាន ចប់ ឧទ្ធាន សុវណ្ណពិព្វោហនិយត្ថេរាបទាន ១ តិលមុដ្ឋិយត្ថេរាបទាន ១ ចង្កោដកិយត្ថេរាបទាន ១ អព្ភញ្ជនទាយកត្ថេរាបទាន ១ បុណ្ឌរីកត្ថេរាបទាន ១ តរណិយត្ថេរាបទាន ១ មានគាថា ៤២ ដែលអ្នកប្រាជរាប់ហើយ ។ សុវណ្ណពិព្វោហនវគ្គទី ២៨ ចប់ ភាណវារទី ១១ ចប់