អដ្ឋកថាបណ្ណទាយកត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 861

គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ១ នៃវគ្គទី ២៩ ដូចតទៅនេះ បទថា បណ្ណភោជនភោជនោ សេចក្តីថា ខ្ញុំអង្គុយនៅក្នុង បណ្ណសាលា ដើម្បីបរិភោគភោជន មានទឹកដោះ និងបន្លែជាដើម ។ បទថា ឧបវិដ្ឋញ្ច មំ សន្តំ សេចក្តីថា ខ្ញុំជាអ្នកចូលទៅក្នុងបណ្ណសាលា ។ បទថា ឧបគច្ឆិ មហាឥសិ សេចក្តីថា ឈ្មោះថា មហាឥសិ ព្រោះស្វែងរកគំនរ នៃគុណដែលធំក្រៃលែង មានសីលជាដើម អធិប្បាយថា ព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ ជាអ្នកបំភ្លឺសត្វលោកឲ្យភ្លឺស្វាង ជាប្រទីបរបស់សត្វលោក បានយាងមក គឺយាងមកក្បែរខ្ញុំ ។ បទថា និសិន្នស្ស បណ្ណសន្ថរេ ភ្ជាប់ សេចក្តីថា ខ្ញុំបានចូលទៅថ្វាយបន្លែស្ងោរទុកបរិភោគឯង ដល់ព្រះមាន ព្រះភាគ ដែលប្រថាប់គង់លើកម្រាលស្លឹកឈើ ។