ផលទាយកត្ថេរាបទានទី ២

ក្បាលទី 60 · ទំព័រ 862

ព្រះសម្ពុទ្ធព្រះនាមសិទ្ធត្ថៈ មានព្រះហបឫទ័យសន្តោស ស្មើដោយភ្នំសិនេរុ ឬក៏ប្រហែលដោយធរណី ស្តេចចេញចាក សមាធិ ហើយទ្រង់ស្តេចចូលទៅរកខ្ញុំដើម្បីភិក្ខា ។ ខ្ញុំមានចិត្ត ជ្រះថ្លា បានប្រគេនផ្លែឈើទាំងអស់នោះ គឺផ្លែសម៉ កន្ទួតព្រៃ ស្វាយ ព្រីង ផ្លែសម៉រពិភេទក៍ ពុទ្រា រាក់ខ្មៅ ស្រគំ ព្នៅ និង ផ្លែមាក់ប្រាង ដល់ព្រះមហេសី ព្រះនាមសិទ្ធត្ថៈ ព្រះអង្គមាន សេចក្តីអនុគ្រោះដល់សត្វលោកទាំងពួង ។ ក្នុងកប្បទី ៩៤ អំពី កប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែឈើ ខ្ញុំ មិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយផ្លែឈើ ។ ក្នុងកប្បទី ៥៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមឯកជ្ឃៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះផលទាយកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។