បច្ចុគ្គមនិយត្ថេរាបទានទី ៣
ក្បាលទី 60 · ទំព័រ 864
ខ្ញុំមានចិត្តជ្រះថ្លា បានធ្វើនូវការក្រោកទទួលព្រះសម្ពុទ្ធ ព្រះនាមសិទ្ធត្ថៈ ព្រះអង្គជាប្រទីបក្នុងលោក ជាអ្នករក្សាសត្វលោក ទាំងពួង ទ្រង់ជានរាសភៈ ទ្រង់ស្តេចមក ដូចសត្វសីហៈ ត្រាច់ទៅក្នុងព្រៃ ឬដូចនិសភអាជានេយ្យ ឬក៏ដូចលំពង់ថ្ងាន់ ដ៏ ល្វាសល្វន់ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះ ហេតុដែលខ្ញុំបានក្រោកទទួលព្រះនរាសភៈ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការក្រោកទទួល ។ ក្នុងកប្បទី ២៧ អំពីកប្បនេះ ខ្ញុំ បានកើតជាស្តេចចក្រពត្តិ ១ អង្គ ព្រះនាមបរិវារៈ ជាធំជាងជន ទ្រង់មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះបច្ចុគ្គមនិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។