អដ្ឋកថាបច្ចុគ្គមនិយត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 865

គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ៣ ដូចតទៅនេះ បទថា សីហំ យថា វនចរំ ភ្ជាប់សេចក្តីថា នូវព្រះមានព្រះភាគ ព្រះនាម សិទ្ធត្ថៈ ដែលកំពុងត្រាច់ទៅ ដូចរាជសីហ៍ត្រាច់ទៅក្នុងព្រៃ ។ បទថា និសភាជានិយំ យថា សេចក្តីថា គោដែលប្រសើរបំផុត មាន ៤ គឺវសភៈ និសភៈ វិសភៈ អាសភៈ បណ្តាគោដ៏ប្រសើរបំផុតទាំង ៤ នោះ ដែល ឈ្មោះថា វសភៈ គឺគោដែលជាមេហ្វូងរបស់គោ ១០០ ។ ដែលឈ្មោះថា និសភៈ គឺគោដែលជាមេហ្វូងរបស់គោ ១ ពាន់ ។ ដែលឈ្មោះថា វិសភៈ គឺគោដែលជាមេហ្វូងគោ ១ សែន ។ ដែលឈ្មោះថា អាសភៈ គឺគោដែល ជាមេហ្វូងរបស់គោ ១ សែនកោដិ តែក្នុងទីនេះ អាសភៈ លោកហៅថា និសភៈ បានដល់ គោអាជានេយ្យ ដែលដូចគ្នានឹងគោឧសភរាជ ដែលមិន ខ្លាច មិនញាប់ញ័រ ។ បទថា កកុធំ វិលសន្តំវ សេចក្តីថា ខ្ញុំមានចិត្តជ្រះថ្លា ព្រោះប្រកបដោយសទ្ធា បានឃើញព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ ជា អ្នកអង់អាច ឧត្តមជានរជនទាំងឡាយ ល្អដូចដើមថ្ងាន់ដែលសម្បូរដោយផ្កានិ ងត្រួយ កំពុងយាងមក ទើបធ្វើនូវការទទួល ។