សត្តាហបព្វជិតត្ថេរាបទានទី ៨

ក្បាលទី 60 · ទំព័រ 870

ក្នុងភពមុន មានព្រះសង្ឃរបស់ព្រះមានព្រះភាគ ព្រះនាមវិបស្សី ដែលទេវតា និងមនុស្សធ្វើសក្ការៈរាប់អានហើយ ខ្ញុំឯងក៏ដល់នូវសេចក្តីវិនាស បានបែកចាកពួកញាតិ ខ្ញុំចូលទៅកាន់ ផ្នួស ដើម្បីរម្ងាប់ទុក្ខព្រួយ ព្រោះសេចក្តីវិនាសនោះ ខ្ញុំត្រេកអរ ក្នុងផ្នួសនោះ អស់ ៧ ថ្ងៃ ព្រោះប្រាថ្នាបំពេញកិច្ចក្នុងសាសនា របស់ព្រះសាស្តា ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានបួស ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះផលនៃ បព្វជ្ជា ។ ក្នុងកប្បទី ៦៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៧ ជាតិ ជាម្ចាស់ផែនដី គេតែងស្គាល់ថា ព្រះបាទសុនេក្ខម្មៈ ដូចគ្នា ទ្រង់មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះសត្តាហបព្វជិតត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។