ពុទ្ធុបដ្ឋាយិកត្ថេរាបទានទី ៩

ក្បាលទី 60 · ទំព័រ 871

កាលនោះ ខ្ញុំឈ្មោះវេធម្ភិនី បិតារបស់ខ្ញុំក៏ឈ្មោះ វេធម្ភិនីដែរ បិតាខ្ញុំដឹកដៃខ្ញុំចូលទៅរកព្រះមហាមុនី ឯព្រះមហាមុនី សម្តែងប្រាប់ខ្ញុំថា ព្រះពុទ្ធទាំងឡាយនេះ ជាអគ្គនាយកក្នុងលោក ខ្ញុំជ្រះថ្លា បានបម្រើព្រះពុទ្ធទាំងនោះដោយគោរព ដោយដៃរបស់ ខ្លួន ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុ ដែលខ្ញុំបានបម្រើព្រះពុទ្ធទាំងឡាយ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះ ជាផលនៃការបម្រើ ។ ក្នុងកប្បទី ២៣ អំពីកប្បនេះ ខ្ញុំបានកើត ជាស្តេចចក្រពត្តិ ៤ ជាតិ មានព្រះនាមសមណុបដ្ឋាកៈដូចគ្នា ទ្រង់ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះពុទ្ធុបដ្ឋាយិកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។