បុព្វង្គមនិយត្ថេរាបទានទី ១០
ពួកយើង ៨៤០០០ នាក់ មិនមានសេចក្តីកង្វល់បាន បួសហើយ ដើម្បីសម្រេចនូវប្រយោជន៍ដ៏ខ្ពង់ខ្ពស់ ខ្ញុំឯងជាប្រធាន របស់កុលបុត្តទាំងនោះ ។ ឯកុលបុត្តទាំងនុ៎ះ នៅមានរាគៈ និង មោហៈ តែមានចិត្តជ្រះថ្លា បានបម្រើព្រះពុទ្ធ ដែលមានឥន្ទ្រិយ ថ្លាស្អាត មិនមានកករល្អក់ ដោយគោរព ដោយដៃរបស់ខ្លួន ។ ព្រះសយម្ភូទាំងឡាយ ដែលពួកមារផ្ចាញ់មិនបាន ព្រះអង្គជា ព្រះខីណាស្រព មានទោសៈខ្ជាក់ចោលហើយ មានសោឡសកិច្ច ធ្វើរួចហើយ មិនមានអាសវៈ តែងផ្សាយមេត្តាចិត្ត ។ ពួកយើង បានបម្រើព្រះសម្ពុទ្ធទាំងនោះ ដោយសេចក្តីកោតក្រែង លុះដល់ មរណៈ ក៏បានទៅកាន់អត្តភាពជាទេវតា ។ ក្នុងកប្បទី ៩៤ អំពី កប្បនេះ ព្រោះហេតុដែលខ្ញុំបានរក្សាសីល ខ្ញុំមិនដែលស្គាល់ ទុគ្គតិ នេះជាផលនៃការសង្រួមក្នុងសីល ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង សាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះបុព្វង្គមនិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។ ឧទ្ទាន បុព្វង្គមនិយត្ថេរាបទាន ១ មាន គាថា ៤៨ ដែលអ្នកប្រាជសម្តែង ទុកហើយ ។