ចិតកបូជកវគ្គោ
ក្បាលទី 60 · ទំព័រ 875
កាលនោះ ខ្ញុំកើតជាព្រាហ្មណ៍ឈ្មោះអជិតៈ ខ្ញុំប្រាថ្នា នឹងបូជានូវគ្រឿងបូជា បានប្រមូលផ្កាផ្សេងៗ ។ ខ្ញុំឃើញជើងថ្ករ ដែលកំពុងរុងរឿងរបស់ព្រះពុទ្ធព្រះនាមសិខី ព្រះអង្គជាផៅពង្ស នៃសត្វលោក ហើយយកផ្កានោះមករោយរាយចុះត្រង់ជើងថ្ករ ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែល ខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ ក្នុងកប្បទី ២៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៧ ជាតិ ជាធំជាងពួកមនុស្ស ព្រះនាមសុបជ្ជលិតដូចគ្នា ទ្រង់មានកម្លាំង ច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបាន ធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន ប្រតិបត្តិហើយ ។ បានឮថា ព្រះចិតកបូជកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។