បុប្ឆធារកត្ថេរាបទានទី ២
ក្បាលទី 60 · ទំព័រ 877
ខ្ញុំស្លៀកសំពត់សម្បកឈើ ដណ្តប់សំពត់ស្បែកខ្លា ញ៉ាំងអភិញ្ញា ៥ ឲ្យកើត ជាអ្នកស្ទាបអង្អែលព្រះចន្ទបាន ។ ខ្ញុំបានឃើញព្រះវិបស្សី ព្រះអង្គបំភ្លឺលោក ដែលកំពុងស្តេចមកកាន់ សម្នាក់របស់ខ្ញុំ ទើបខ្ញុំបាំងផ្កាបារិច្ឆត្តកព្រឹក្ស ថ្វាយព្រះសាស្តា ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះ ហេតុដែលខ្ញុំបានបាំងផ្កាថ្វាយ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផល នៃការបាំងផ្កា ។ ក្នុងកប្បទី ៨៧ អំពីកប្បនេះ ខ្ញុំបានកើតជា ស្តេចចក្រពត្តិ ១ អង្គ ជាម្ចាស់ផែនដី ព្រះនាមសមន្តធរណៈ ទ្រង់មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះបុប្ឆធារកត្ថេរមានអាយុ បានសម្តែងនូវគាថា ទាំងនេះ ដោយប្រការដូច្នេះ ។