ឆត្តទាយកត្ថេរាបទានទី ៣

ក្បាលទី 60 · ទំព័រ 879

ក្នុងកាលនោះ កូនរបស់ខ្ញុំបួស ស្លៀកសំពត់កាសាយៈ កូនខ្ញុំនោះ បានដល់ភាពជាព្រះពុទ្ធ ដែលសត្វលោកបូជា បាន បរិនិព្វានហើយ ។ ខ្ញុំស្វែងរកកូនរបស់ខ្លួន ក៏ទៅកាន់ជើងថ្ករ របស់ព្រះពុទ្ធដ៏ប្រសើរ ជាកូនរបស់ខ្ញុំ ដែលបរិនិព្វានហើយ នៅ ខាងក្រោយអារាម ។ កាលនោះ ខ្ញុំផ្គងអញ្ជលី ថ្វាយបង្គំជើងថ្ករ ត្រង់កន្លែងនោះ ហើយខ្ញុំកាន់ស្វេតច្ឆត្រថ្វាយ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាឆត្រ ខ្ញុំមិនដែលស្គាល់ ទុគ្គតិ នេះជាផលនៃការថ្វាយឆត្រ ។ ក្នុងកប្បទី ២៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៧ ជាតិ ជាធំជាងជន ព្រះនាម មហារហៈដូចគ្នា ទ្រង់មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង សាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះឆត្តទាយកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។