អដ្ឋកថាបទុមកេសរិយត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 895

គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ១ ក្នុងវគ្គទី ៣១ ដូចតទៅនេះ បទថា ឥសិសង្ឃេ អហំ បុព្វេ ភ្ជាប់សេចក្តីថា ក្នុងកាលមុន គឺក្នុងពេលបំពេញពោធិសម្ភារ ខ្ញុំកើតជាដំរី គឺដំរីកាចក្នុងត្រកូលមាតង្គៈ នៅក្បែរ ភ្នំហិមពាន្ត ជិតពួកឥសី គឺព្រះបច្ចេកសម្ពុទ្ធ ។ ឈ្មោះថា វារណ ព្រោះរារាំងមនុស្សជាដើមបាន ម្យ៉ាងទៀត ឈ្មោះថា វារណ ព្រោះស្រែក គឺបន្លឺកោញ្ចនាទដោយវាចាបាន ។ បទថា មហេសីនំ បសាទេន បានដល់ ដោយការជ្រះថ្លាក្នុងព្រះបច្ចេកសម្ពុទ្ធ អ្នកស្វែងរកគុណធំ ។ បទថា បច្ចេកជិនសេដ្ឋេសុ ធុតរាគេសុ តាទិសុ ភ្ជាប់សេចក្តីថា ខ្ញុំបានរោយកេសរឈូក បូជាក្នុងព្រះបច្ចេកសម្ពុទ្ធទាំងឡាយ ដែលមិនញាប់ញ័រ ដោយលោកធម៌ ទាំងឡាយ ។