សព្វគន្ធិយត្ថេរាបទានទី ២
ក្បាលទី 60 · ទំព័រ 896
ខ្ញុំបានថ្វាយគ្រឿងក្រអូប និងកម្រងផ្កា ដល់ព្រះពុទ្ធ ព្រះនាមវិបស្សី ទ្រង់ស្វែងរកគុណដ៏ធំ ទាំងបានថ្វាយសំពត់ កោសេយ្យពស្រ្តដ៏ឧត្តមដល់ព្រះពុទ្ធ ទ្រង់មានព្រះសន្តានដ៏ត្រង់ ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំ បានថ្វាយគ្រឿងក្រអូប និងកម្រងផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះ ជាផលនៃការថ្វាយគ្រឿងក្រអូប ។ ក្នុងកប្បទី ១៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមសុវេលៈ ទ្រង់បរិបូណ៌ដោយ កែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះសព្វគន្ធិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។