បរមន្ថទាយកត្ថេរាបទានទី ៣

ក្បាលទី 60 · ទំព័រ 897

ខ្ញុំបានឃើញព្រះពុទ្ធ ព្រះនាមវិបស្សី ទ្រង់ជាឆ្នើមក្នុង លោក ប្រសើរជាងពួកនរៈ ទ្រង់រុងរឿងដូចផ្កាកណិការ ឬក៏ដូច ព្រះអាទិត្យ ដែលទើបនឹងរះ ។ ខ្ញុំផ្គងអញ្ជលីនិមន្តឲ្យស្តេចទៅផ្ទះ របស់ខ្លួន លុះនាំព្រះសម្ពុទ្ធទៅហើយក៏ បានថ្វាយនូវបាយាសដ៏ ប្រសើរ ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះ ហេតុដែលខ្ញុំបានថ្វាយបាយាសដ៏ប្រសើរ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយបាយាសដ៏ប្រសើរ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះបរមន្នទាយកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។