ធម្មសញ្ញកត្ថេរាបទានទី ៤
មានពិធីឆ្លងមហាពោធិព្រឹក្ស របស់ព្រះមានព្រះភាគ ព្រះនាមវិបស្សី ឯព្រះសម្ពុទ្ធជាច្បងក្នុងលោក ប្រសើរជាងនរៈ ទ្រង់ស្ថិតនៅទៀបដើមពោធិព្រឹក្ស ។ ក្នុងសម័យនោះ ព្រះមាន ព្រះភាគ ទ្រង់មានភិក្ខុសង្ឃចោមរោម ទ្រង់ប្រកាសសច្ចៈ ៤ ទ្រង់បន្លឺឡើងនូវវាចាដ៏អង់អាច ។ ព្រះសម្ពុទ្ធមានកិលេស ជា គ្រឿងបិទបើកហើយ ទ្រង់សម្តែងធម៌ដោយបំប្រួញផង ដោយ ពិស្តារផង ទ្រង់ញ៉ាំងមហាជនឲ្យរលត់ទុក្ខ ។ ខ្ញុំបានស្តាប់ធម៌ របស់ព្រះសម្ពុទ្ធអង្គនោះ ទ្រង់ជាឆ្នើមក្នុងលោក ប្រកបដោយ តាទិគុណ ហើយថ្វាយបង្គំព្រះបាទារបស់ព្រះសាស្តា រួចឈម មុខទៅកាន់ឧត្តរទិស ហើយចៀសចេញទៅ ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានស្តាប់ធម៌ ខ្ញុំ មិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការស្តាប់ធម៌ ។ ក្នុងកប្បទី ៣៣ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិមួយអង្គ ព្រះនាម សុតវា ជាម្ចាស់ផែនដី ទ្រង់មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះធម្មសញ្ញកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។