ផលទាយកត្ថេរាបទានទី ៥
ក្បាលទី 60 · ទំព័រ 902
កាលនោះ មានអាស្រមនៅទៀបឆ្នេរស្ទឹង ឈ្មោះភាគីរសី ខ្ញុំជាអ្នកមិនបានសិក្សា កាន់យកផ្លែឈើដើរតម្រង់មកអាស្រមនោះ ខ្ញុំបានឃើញព្រះវិបស្សី គង់ក្នុងអាស្រមនោះ ទ្រង់មានរស្មីលឿង ដូចព្រះអាទិត្យ ខ្ញុំក៏បានថ្វាយផ្លែឈើទាំងអស់របស់ខ្ញុំ ដល់ព្រះសាស្តា ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ កាលនោះ ព្រោះហេតុ ដែលខ្ញុំបានថ្វាយផ្លែឈើ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃ ការថ្វាយផ្លែឈើ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះផលទាយកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។