សម្បសាទិកត្ថេរាបទានទី ៦

ក្បាលទី 60 · ទំព័រ 904

បពិត្រព្រះពុទ្ធមានព្យាយាម ខ្ញុំសូមនមស្ការចំពោះព្រះអង្គ ព្រះអង្គផុតស្រឡះហើយ ចាកកិលេសទាំងពួង ខ្ញុំព្រះអង្គដល់ ហើយនូវសេចក្តីវិនាស សូមព្រះអង្គជាទីពឹងរបស់ខ្ញុំនោះ ។ ព្រះ សិទ្ធត្ថៈ ទ្រង់មិនមានបុគ្គលប្រៀបផ្ទឹមក្នុងលោក ទ្រង់សម្តែង ប្រាប់ខ្ញុំថា ព្រះសង្ឃស្មើដោយមហាសមុទ្ទ ប្រមាណមិនបាន ប្រសើរបំផុត អ្នកចូរញ៉ាំងចិត្តឲ្យជ្រះថ្លា ទាំងចូរបណ្តុះនូវពូជដ៏ល្អ ក្នុងព្រះសង្ឃដែលទុកជាស្រែមិនមានធូលី គឺរាគៈ ជាស្រែប្រគល់ឲ្យ ផល ឥតមានទីបំផុត ។ ព្រះសព្វញ្ញូ ជាឆ្នើមក្នុងលោក ព្រះអង្គ ប្រសើរជាងពួកនរៈ លុះទ្រង់សម្តែងនូវពាក្យនេះ ទ្រង់ប្រៀន ប្រដៅខ្ញុំយ៉ាងនេះហើយក៏ ស្តេចហោះឡើងទៅឯផ្ទៃអាកាស ។ កាលដែលព្រះសព្វញ្ញូ ប្រសើរជាងពួកនរៈ ស្តេចពុទ្ធដំណើរទៅ ហើយ មិនយូរប៉ុន្មាន ខ្ញុំក៏ដល់នូវមរណៈ ហើយបានទៅកើតក្នុង ស្ថានតុសិត ។ ក្នុងកាលនោះ ខ្ញុំបានញ៉ាំងចិត្តឲ្យជ្រះថ្លា ក្នុងព្រះសង្ឃ ដែលជាស្រែមិនមានធូលី ជាស្រែប្រគល់ឲ្យផល ឥត មានទីបំផុត ខ្ញុំបានរីករាយហើយ ក្នុងស្ថានសួគ៌អស់មួយកប្ប ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំ មានសេចក្តីជ្រះថ្លា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសេចក្តី ជ្រះថ្លា ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបាន ធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន ប្រតិបត្តិហើយ ។ បានឮថា ព្រះសម្បសាទិកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។