អារាមទាយកត្ថេរាបទានទី ៧
ខ្ញុំបានដាំសួនច្បារ ថ្វាយព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ ពួកបក្សីចូលទៅអាស្រ័យ ព្ធដ៏ដើមឈើទាំងឡាយ ដែលមានម្លប់ ត្រជាក់ ។ ខ្ញុំបានឃើញព្រះពុទ្ធ ទ្រង់មិនមានធូលី គឺកិលេស ទ្រង់គួរទទួលនូវគ្រឿងបូជា ទើបនាំព្រះសម្ពុទ្ធ ជាលោកជេដ្ឋៈ ប្រសើរជាងពួកនរៈ ទៅក្នុងសួនច្បារ ។ ខ្ញុំជាអ្នកមានចិត្តរីករាយ បានថ្វាយផ្លែឈើ និងផ្កាឈើ ទាំងមានសេចក្តីជ្រះថ្លាខ្លាំង កើតឡើង ក្នុងលំដាប់នោះ ហើយបង្អោនថ្វាយនូវទាននោះ ។ ខ្ញុំមាន ចិត្តជ្រះថ្លា បានថ្វាយទានណា ដល់ព្រះពុទ្ធ ផលរមែងកើត សម្រាប់ខ្ញុំ ក្នុងភពដែលខ្ញុំកើតហើយ ( ព្រោះការថ្វាយទាន នោះ ) ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះ ហេតុដែលខ្ញុំបានថ្វាយសួនច្បារ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជា ផលនៃសួនច្បារ ។ ក្នុងកប្បទី ៣៧ អំពីកប្បនេះ ខ្ញុំបានកើត ជាស្តេចចក្រពត្តិ ៧ ជាតិ ព្រះនាមមុទុសីតលៈដូចគ្នា ទ្រង់ បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះអារាមទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។