សត្តបទុមិយត្ថេរាបទានទី ៤

ក្បាលទី 61 · ទំព័រ 6

ខ្ញុំជាព្រាហ្មណ៍ឈ្មោះនេសាទ នៅទៀបឆ្នេរស្ទឹង បានបោស សំអាតអាស្រមដោយផ្កាឈូក ។ ខ្ញុំមានសេចក្តីរីករាយកើតឡើង ព្រោះ ឃើញព្រះសម្ពុទ្ធព្រះនាមសិទ្ធត្ថ ជាលោកនាយក ទ្រង់មានសម្បុរដូចមាស កាលដែលទ្រង់ពុទ្ធដំណើរទៅតាមព្រៃ ។ ខ្ញុំបានក្រោកទទួលព្រះសម្ពុទ្ធ ទ្រង់ ជាឆ្នើមក្នុងលោក ប្រសើរជាងពួកនរៈ ហើយនាំទៅឯអាស្រម រួចរោយរាយ ដោយផ្កាឈូក ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុ ដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ ក្នុងកប្បទី ៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៤ ជាតិ ព្រះនាម បាទវរៈ ដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង សាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះសត្តបទុមិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។