បុប្ផាសនទាយកត្ថេរាបទានទី ៥
( ខ្ញុំបានឃើញ ) នូវព្រះសម្ពុទ្ធ ព្រះនាមសិទ្ធត្ថ ទ្រង់ឈ្នះមារ ទ្រង់មានសម្បុរដូចមាស ឬដូចព្រះអាទិត្យមានរស្មីច្រើន ដែលស្តេចយាង ក្នុងទីជិតខ្ញុំ ។ ខ្ញុំមានចិត្តជ្រះថ្លា បានក្រោកទទួលព្រះសម្ពុទ្ធអង្គនោះ ហើយ និមន្តឲ្យស្តេចចូលទៅឯអាស្រម ហើយថ្វាយអាសនៈផ្កា ។ កាលនោះ ខ្ញុំ មានសេចក្តីរីករាយកើតឡើង ទើបផ្គងអញ្ជលី ធ្វើចិត្តឲ្យជ្រះថ្លាចំពោះព្រះពុទ្ធ ហើយបង្អោនចិត្តទៅរកអំពើនោះថា បុណ្យណាដែលខ្ញុំបានធ្វើហើយ ចំពោះព្រះសយម្ភូ ទ្រង់ឈ្នះមារ ខ្ញុំសូមឲ្យជាអ្នកប្រាសចាកមន្ទិល ក្នុងព្រះពុទ្ធ សាសនា ដោយកុសលកម្មទាំងអស់នោះ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជា ផលនៃការថ្វាយអាសនៈផ្កា ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិ ហើយ ។ បានឮថា ព្រះបុប្ផាសនទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។