អាសនត្ថវិកត្ថេរាបទានទី ៦

ក្បាលទី 61 · ទំព័រ 10

កាលនោះ ខ្ញុំដើរសំដៅទៅឯឧត្តមចេតិយនៃព្រះលោកពន្ធុ ព្រះនាម សិខី ដែលនៅក្នុងព្រៃធំ ។ កាលខ្ញុំដើរចេញមកអំពីព្រៃវិញ ក៏បាន ឃើញព្រះពុទ្ធគង់លើសីហាសនៈ ខ្ញុំធ្វើសំពត់ឆៀងស្មាម្ខាង ហើយធ្វើអញ្ជលី សរសើរព្រះលោកនាយក ។ លុះខ្ញុំសរសើរព្រះសម្ពុទ្ធអគ្គនាយកក្នុងលោក អស់ចំណែកមួយថ្ងៃ ជាអ្នកមានចិត្តរីករាយ បានពោលវាចានេះថា បពិត្រ ព្រះអង្គជាបុរសអាជានេយ្យ ខ្ញុំសូមនមស្ការព្រះអង្គ បពិត្រព្រះអង្គជាបុរសខ្ពង់ខ្ពស់ ខ្ញុំសូមនមស្ការព្រះអង្គ បពិត្រព្រះអង្គមានព្យាយាមធំ ជាចម្បងក្នុងលោក ទ្រង់ប្រសើរជាងពួកនរៈ ព្រះអង្គជាសព្វញ្ញូពុទ្ធ ។ លុះខ្ញុំបានសរសើរព្រះសម្ពុទ្ធ ព្រះនាមសិខី ដោយការធ្វើនិមិត្តហើយ ក៏ថ្វាយបង្គំព្រះអង្គដែលទ្រង់កំពុងគង់ នៅ រួចដើរចេញទៅ ឈមមុខទៅកាន់ឧត្តរទិស ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានសរសើរព្រះពុទ្ធ ទ្រង់ប្រសើរជាង ពួកអ្នកប្រាជ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការសរសើរ ។ ក្នុងកប្បទី ២៧ អំពីកប្បនេះ ខ្ញុំបានកើត ជាស្តេចចក្រពត្តិ ៧ ជាតិ ព្រះនាមអតុល្យៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះអាសនត្ថវិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។