អដ្ឋកថាអាសនត្ថវិកត្ថេរាបទាន

ក្បាលទី 61 · ទំព័រ 11

គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ៦ ដូចតទៅនេះថា បទថា ចេតិយំ ឧត្តមំ នាម សិខិនោ លោកពន្ធុនោ បានដល់ ព្រះ ចេតិយឈ្មោះថា ឧត្តម របស់ព្រះមានព្រះភាគ ព្រះនាមថាសិខី ជាផៅពង្ស គឺញាតិរបស់លោកទាំង ៣ ភ្ជាប់សេចក្តីថា ដែលជាព្រៃធំ គឺក្នុងព្រៃធំដែល ប្រាសចាកមនុស្សសញ្ចរទៅមក មិនមានមនុស្សច្រឡូកច្រឡំ ។ បទថា អន្ធាហិណ្ឌាមហំ តទា សេចក្តីថា ក្នុងកាលនោះ ខ្ញុំជាបុគ្គលខ្វាក់ ព្រោះ វង្វេងផ្លូវក្នុងព្រៃ មិនមែនខ្វះភ្នែក សេចក្តីថា ខ្ញុំត្រាច់ស្វែងរកផ្លូវ ។ បទថា បវនា និក្ខមន្តេន សេចក្តីថា ខ្ញុំចេញចាកព្រៃធំបានជួបសីហាសនៈ គឺ អាសនៈដ៏ប្រសើរ ម្យ៉ាងទៀត សេចក្តីថា ខ្ញុំបានឃើញអាសនៈរបស់ព្រះមាន ព្រះភាគដូចសីហៈ ។ បទថា ឯកំសំ អញ្ជលឹ កត្វា សេចក្តីថា ខ្ញុំធ្វើ សំពត់ឆៀងស្មាឆ្វេង ហើយផ្គងអញ្ជលីលើសិរសា ។ បទថា សន្ថវឹ លោកនាយកំ សេចក្តីថា ខ្ញុំបានធ្វើការសរសើរព្រះលោកនាយកអង្គនោះ ដែល ញ៉ាំងសត្វលោកទាំង ៣ ឲ្យដល់ព្រះនិព្វាន ។