សទ្ទសញ្ញកត្ថេរាបទានទី ៧

ក្បាលទី 61 · ទំព័រ 12

ព្រះពុទ្ធព្រះនាមសុទស្សនៈ មានព្យាយាមធំ ទ្រង់សម្តែង នូវអមតបទ មានពួកសាវ័កចោមរោម ទ្រង់គង់នៅក្នុងផ្ទះដ៏ប្រសើរ ទ្រង់ សង្គ្រោះមហាជនដោយព្រះវាចាដ៏ពីរោះ សំឡេងសរសើរព្រះពុទ្ធផ្សាយទៅ ពេញទេវលោកនិងមនុស្សលោក ។ ខ្ញុំបានស្តាប់ពាក្យឃោសនាហើយ ក៏ញ៉ាំង ចិត្តឲ្យជ្រះថ្លា ក្នុងសំឡេងសរសើរព្រះមហេសី ទ្រង់ញ៉ាំងប្រយោជន៍ឲ្យ សម្រេច ទើបខ្ញុំថ្វាយបង្គំព្រះលោកនាយក ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបាននូវសញ្ញា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះ ជាផលនៃពុទ្ធសញ្ញា ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំ បានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះសទ្ទសញ្ញកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។