តិរំសិយត្ថេរាបទានទី ៨

ក្បាលទី 61 · ទំព័រ 14

( ខ្ញុំបានឃើញ ) នូវព្រះសិទ្ធត្ថ ទ្រង់ញ៉ាំងទិសទាំងឡាយឲ្យ ភ្លឺ គង់នៅត្រង់ចន្លោះភ្នំ ជាអភិជាតិ ទ្រង់មានរស្មីរុងរឿង ដូចកេសររាជសីហ៍ ឬដូចគំនរភ្លើងលើភ្នំ ។ ខ្ញុំមានបីតិកើតឡើង ព្រោះឃើញពន្លឺព្រះអាទិត្យផង ពន្លឺព្រះចន្ទផង ពន្លឺព្រះពុទ្ធផង មានសភាពដូចគ្នា ។ ខ្ញុំឃើញពន្លឺទាំង ៣ ឃើញសាវ័កដ៏ឧត្តម ហើយធ្វើស្បែកខ្លាឃ្មុំឆៀងស្មាម្ខាង រួចសរសើរព្រះលោក នាយក ។ សេចក្តីពិតថា ពន្លឺដ៏វិសេស ៣ យ៉ាង ក្នុងលោក គឺព្រះចន្ទ ១ ព្រះអាទិត្យ ១ ព្រះពុទ្ធជាលោកនាយក ១ ជាពន្លឺកម្ចាត់បង់នូវងងឹតក្នុង លោក ។ ខ្ញុំបានអាងឧបមា ហើយសរសើរព្រះមហាមុនី ព្រោះខ្ញុំបានសរសើរព្រះពុទ្ធ ក៏រីករាយក្នុងឋានសួគ៌អស់មួយកប្ប ។ ក្នុងកប្បទី ៩៤ អំពី កប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំ បានសរសើរពុទ្ធគុណ ខ្ញុំមិន ដែលស្គាល់ទុគ្គតិ នេះជាផលនៃការសរសើរ ។ ក្នុងកប្បទី ៦១ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិមួយអង្គ ព្រះនាមញាណវរៈ ទ្រង់បរិបូណ៌ដោយ កែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិ ហើយ ។ បានឮថា ព្រះតិរំសិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ ប្រការដូច្នេះ ។