នាលិបុប្ផិយត្ថេរាបទានទី ៩
កាលនោះ ខ្ញុំបានកើតជាអ្នកភ្ជួររាស់ នៅក្បែរត្រើយទន្លេសិន្ធុ បានប្រកបក្នុងការងាររបស់ជនដទៃ ចិញ្ចឹមជីវិតដោយថ្លៃឈ្នួលរបស់ជនដទៃ ។ កាលខ្ញុំដើរទៅតាមទន្លេសិន្ធុ ក៏បានឃើញព្រះជិនស្រី ព្រះនាមសិទ្ធត្ថ ទ្រង់ គង់នៅដោយសមាធិ ទ្រង់មានរស្មីរុងរឿងដូចផ្កាឈូករីក ។ កាលនោះ ខ្ញុំ បានកាត់ផ្កាឈូក ៧ ទាំងទង ដាក់ប្រទូលលើក្បាល នាំយកទៅបូជាព្រះ សម្ពុទ្ធជាព្រះអាទិច្ចពន្ធុ ។ ខ្ញុំបានចូលទៅជិតព្រះសម្ពុទ្ធ ដែលទ្រង់មានសម្បុរ ដូចមាស ទ្រង់គង់ស្មឹងស្មាធិនៅជិតត្រើយទន្លេ ព្រះអង្គដូចដំរីមាតង្គៈចុះប្រេង ៣ អន្លើ ដែលគ្របសង្កត់បានដោយកម្រ ទ្រង់មានបញ្ញាចាស់ មានឥន្ទ្រិយ អប់រំហើយ ទើបខ្ញុំផ្គងអញ្ជលីថ្វាយបង្គំព្រះសាស្តាជាម្ចាស់ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិ ហើយ ។ បានឮថា ព្រះនាលិបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។