ហាសជនកត្ថេរាបទានទី ៣
ក្បាលទី 61 · ទំព័រ 20
ខ្ញុំបានឃើញបំសុកូលិកចីវរ របស់ព្រះសាស្តា ដែលព្យួរលើ ចុងឈើ ហើយផ្គងអញ្ជលីបន្លឺវាចាឡើងយ៉ាងខ្លាំង ។ សេចក្តីរីករាយ ក៏កើតមាន ដល់ខ្ញុំ ព្រោះបានឃើញអំពីចម្ងាយ ទើបខ្ញុំផ្គងអញ្ជលីញ៉ាំងចិត្ត ឲ្យជ្រះថ្លា ក្រៃលែង ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែល ខ្ញុំបានសញ្ញា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធសញ្ញា ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង សាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះហាសជនកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។