យញ្ញសាមិកត្ថេរាបទានទី ៤

ក្បាលទី 61 · ទំព័រ 21

ខ្ញុំមានអាយុ ៧ ឆ្នាំ រាប់អំពីឆ្នាំកំណើត បានចេះចប់មន្ត បាន ទ្រទ្រង់វង្សត្រកូល ខ្ញុំបានលើកតម្កើងយញ្ញវិធី ។ កាលនោះ ខ្ញុំនាំយកសត្វ ចិញ្ចឹម ៨ ម៉ឺន ៤ ពាន់ មកចងក្រៀកនឹងសសរខ្លឹម បម្រុងទុកនឹងសម្លាប់ បូជាយញ្ញ ។ ព្រះសម្ពុទ្ធព្រះនាមសិទ្ធត្ថ ទ្រង់ញ៉ាំងប្រយោជន៍ទាំងអស់ ឲ្យ សម្រេច ទ្រង់ទម្លាក់ចោលនូវរបស់មិនជាប្រយោជន៍ក្នុងត្រៃលោក ទ្រង់ដូចជា មុខគប់ភ្លើងត្រូវខ្យល់បក់ ឬដូចរងើកឧសគគីរ ពុំនោះសោត ដូចព្រះអាទិត្យ ដែលទើបនឹងរះឡើង ឬដូចព្រះចន្ទពេញវង់ ទ្រង់ចូលមកជិតខ្ញុំ ហើយត្រាស់ ព្រះពុទ្ធដីកានេះថា នែកុមារ ការមិនបៀតបៀនសត្វទាំងអស់ រមែងពេញចិត្ត តថាគត ការវៀរចាកការលួច ការប្រព្រឹត្តកន្លង ( បរទារកកម្ម ) និង ការផឹកទឹកស្រវឹង ១ សេចក្តីត្រេកអរចំពោះការប្រព្រឹត្តស្មើ ១ ភាពជា ពហុស្សូត ១ កតញ្ញុតា ១ ធម៌ទាំងនេះ បណ្ឌិតសរសើរក្នុងបច្ចុប្បន្ន ទាំង បរលោក ។ អ្នកចូរអប់រំធម៌ទាំងនេះ ហើយត្រេកអរនឹងប្រយោជន៍សព្វសត្វ ចូរញ៉ាំងចិត្តឲ្យជ្រះថ្លាចំពោះព្រះពុទ្ធ ហើយអប់រំនូវមគ្គដ៏ប្រសើរ ។ លុះព្រះ សព្វញ្ញូ ជាច្បងក្នុងលោក ប្រសើរជាងពួកនរៈ ទ្រង់ត្រាស់នូវភាសិត ប្រៀន ប្រដៅខ្ញុំយ៉ាងនេះហើយ ទើបស្តេចពុទ្ធដំណើរទៅកាន់អាកាសទៅ ។ ខ្ញុំបាន ជម្រះចិត្តក្នុងកាលមុន ហើយញ៉ាំងចិត្តឲ្យជ្រះថ្លា ក្នុងកាលជាខាងក្រោយ ក៏ បានចូលទៅកើតក្នុងឋានតុសិត ដោយការធ្វើចិត្តឲ្យជ្រះថ្លានោះ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានញ៉ាំងចិត្តឲ្យជ្រះថ្លា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធសញ្ញា ។