និមិត្តសញ្ញកត្ថេរាបទានទី ៥

ក្បាលទី 61 · ទំព័រ 22

ខ្ញុំនៅក្នុងអាស្រម ទៀបឆ្នេរស្ទឹងចន្ទភាគា បានក្រឡេកឃើញ ម្រឹគមានសម្បុរដូចមាស ដែលកំពុងត្រាច់ទៅក្នុងព្រៃធំ ។ ខ្ញុំញ៉ាំងចិត្តឲ្យជ្រះថ្លា ចំពោះម្រឹគ ហើយនឹកដល់ព្រះសម្ពុទ្ធជាច្បងក្នុងលោក ទាំងនឹកដល់ព្រះពុទ្ធ ដទៃៗទៀតដោយចិត្តជ្រះថ្លានោះថា ព្រះពុទ្ធទាំងឡាយណា ដែលកន្លងទៅ ហើយក្តី ដែលកំពុងត្រាស់ដឹងក្នុងបច្ចុប្បន្ននេះក្តី ដែលនឹងមកត្រាស់ដឹង ក្នុងអនាគតកាលក្តី ព្រះពុទ្ធទាំង ៣ ពួកនោះ រុងរឿងដូចជាស្តេចម្រឹគ យ៉ាងនេះឯង ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុ ដែលខ្ញុំបាននូវសញ្ញា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធសញ្ញា ។ ក្នុងកប្បទី ២៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិមួយព្រះអង្គ ព្រះនាម អរញ្ញសត្ត ជាម្ចាស់ផែនដី ទ្រង់មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះនិមិត្តសញ្ញកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។ ខ្ញុំបានឃើញនូវព្រះសម្ពុទ្ធ មានវណ្ណៈដូចមាស ប្រាកដស្មើ គ្រឿងបូជាមាស មានលក្ខណៈ ៣២ ប្រការដែលកំពុងទ្រង់ពុទ្ធដំណើរទៅត្រង់ រានផ្សារ ។ ខ្ញុំនាំព្រះសម្ពុទ្ធ ព្រះនាមសិទ្ធត្ថ ទ្រង់ញ៉ាំងប្រយោជន៍ទាំងពួងឲ្យ សម្រេច មិនញាប់ញ័រដោយកិលេស ទ្រង់ឈ្នះមារ ហើយខ្ញុំញ៉ាំងព្រះមហា មុនីអង្គនោះ ឲ្យសោយចង្ហាន់ ។