អន្ថសំសាវកត្ថេរាបទានទី ៦

ក្បាលទី 61 · ទំព័រ 23

វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះនិមិត្តសញ្ញកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។ ខ្ញុំបានឃើញនូវព្រះសម្ពុទ្ធ មានវណ្ណៈដូចមាស ប្រាកដស្មើ គ្រឿងបូជាមាស មានលក្ខណៈ ៣២ ប្រការដែលកំពុងទ្រង់ពុទ្ធដំណើរទៅត្រង់ រានផ្សារ ។ ខ្ញុំនាំព្រះសម្ពុទ្ធ ព្រះនាមសិទ្ធត្ថ ទ្រង់ញ៉ាំងប្រយោជន៍ទាំងពួងឲ្យ សម្រេច មិនញាប់ញ័រដោយកិលេស ទ្រង់ឈ្នះមារ ហើយខ្ញុំញ៉ាំងព្រះមហា មុនីអង្គនោះ ឲ្យសោយចង្ហាន់ ។ កាលនោះ ព្រះមុនីទ្រង់ប្រកបដោយ ករុណា ទ្រង់ញ៉ាំងខ្ញុំឲ្យភ្លឺស្វាងក្នុងលោក ខ្ញុំធ្វើចិត្តឲ្យជ្រះថ្លាចំពោះព្រះពុទ្ធ ហើយបានរីករាយក្នុងឋានសួគ៌អស់មួយកប្ប ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយទាន ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយចង្ហាន់ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះអន្នសំសាវកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។