សុមនាវេឡិយត្ថេរាបទានទី ៨
ជនទាំងពួងមកប្រជុំគ្នា ធ្វើមហាបូជាចំពោះព្រះមានព្រះភាគ ព្រះនាមវេស្សភូ ជាច្បងក្នុងលោក ប្រកបដោយតាទិគុណ ។ កាលនោះ ខ្ញុំ យកដុំបាយអ ធ្វើជាភួងផ្កាម្លិះដាក់បូជា ពីមុខអាសនៈ ដ៏ប្រសើរ ។ ជនទាំងអស់ មកប្រជុំគ្នា ក្រឡេកមើលផ្កាដ៏ប្រសើរនោះ ហើយគិតគ្នាថា អ្នកណា បានបូជាផ្កានេះ ចំពោះព្រះពុទ្ធដ៏ប្រសើរ ប្រកបដោយតាទិគុណ ។ ហេតុតែចិត្ត ជ្រះថ្លានោះ ខ្ញុំបានទៅកើតឯឋាននិម្មានរតី ទទួលរងកុសលរបស់ខ្លួន ដែលខ្លួន ធ្វើទុកល្អហើយក្នុងកាលមុន ។ ខ្ញុំទៅយកកំណើតណាៗ ទោះបីជាទេវតាឬជា មនុស្ស រមែងជាទីស្រឡាញ់របស់ជនទាំងពួង នេះជាផលនៃការបូជាផ្កា ។ ខ្ញុំ ពុំស្គាល់នូវការតិះដៀល ចំពោះពួកលោក ដែលមានសេចក្តីសង្រួម និងមាន តបធម៌ដែលខ្ញុំធ្វើហើយដោយកាយវាចា ឬដោយចិត្តឡើយ ។ ដោយសុចរិត នោះផង ដោយការតម្កល់នូវចិត្តនោះផង ខ្ញុំក៏ត្រូវអ្នកទាំងពួងបូជាហើយ នេះជាផលនៃការមិនតិះដៀល ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ ក្នុងកប្បទី ១១ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិព្រះនាមសហស្សារៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះសុមនាវេឡិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។