ឧមាបុប្ផិយវគ្គ
កាលព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថ ជាច្បងក្នុងលោក ប្រកបដោយ តាទិគុណ ទ្រង់ប្រកាសនូវសច្ចៈ ញ៉ាំងពួកសត្វឲ្យរំលត់ទុក្ខ ខ្ញុំបានយក ផ្កាឈូកដែលដុះក្នុងទឹក ជាទីរីករាយនៃចិត្ត ធ្វើជាឆត្រផ្កា ហើយបូជា ព្រះ សម្ពុទ្ធ ។ ឯព្រះសាស្តា ព្រះនាមសិទ្ធត្ថ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់ គួរទទួលនូវគ្រឿងបូជា ទ្រង់ឋិតនៅក្នុងពួកភិក្ខុ ហើយសម្តែងនូវគាថា ទាំងនេះ ថា បុគ្គលណា ញ៉ាំងចិត្តឲ្យជ្រះថ្លា បានបាំងឆត្រផ្កា ថ្វាយតថាគត បុគ្គល នោះ រមែងមិនទៅកាន់ទុគ្គតិ ដោយចិត្តជ្រះថ្លានោះឡើយ ។ លុះព្រះសម្ពុទ្ធ ព្រះនាមសិទ្ធត្ថ ជាលោកនាយក ទ្រង់ត្រាស់គាថានេះហើយ ទ្រង់បញ្ជូន បរិស័ទទៅ រួចហើយស្តេចពុទ្ធដំណើរទៅកាន់អាកាស ដែលជាទីរីករាយនៃ សត្វស្លាប ។ កាលព្រះសម្ពុទ្ធជាទេវតារបស់មនុស្ស ទ្រង់ក្រោកឡើង ស្វេតច្ឆត្រក៏អណ្តែតឡើង ឆត្រដ៏ឧត្តម បានអណ្តែតទៅពីខាងមុខ ព្រះសម្ពុទ្ធដ៏ ប្រសើរ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែល ខ្ញុំបានបូជាឆត្រ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយឆត្រផ្កា ។ ក្នុងកប្បទី ៧៤ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៨ ជាតិ មានព្រះនាមជលសិខៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះបុប្ផច្ឆត្តិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ ប្រការដូច្នេះ ។