សបរិវារច្ឆត្តទាយកត្ថេរាបទានទី ១០
ព្រះសម្ពុទ្ធព្រះនាមបទុមុត្តរៈ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់គួរទទួលនូវគ្រឿងបូជា ទ្រង់បង្អុរនូវភ្លៀងគឺធម៌ ដូចជាទឹកភ្លៀងបង្អុរចុះ អំពីអាកាស ។ ខ្ញុំបានឃើញនូវព្រះសម្ពុទ្ធអង្គនោះ កំពុងសម្តែងអមតបទ ខ្ញុំញ៉ាំងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា ហើយបានទៅកាន់ផ្ទះរបស់ខ្លួនវិញ ។ ខ្ញុំកាន់ ឆត្រដែលស្អិតស្អាងហើយ ដើរចូលទៅរកព្រះសម្ពុទ្ធដ៏ប្រសើរ ជាងពួកនរៈ ខ្ញុំជាអ្នកមានចិត្តរីករាយ បានលើកឡើង ( នូវឆត្រ ) ទៅព្ធដ៏អាកាស ។ ( ឆត្រនោះមានលម្អ ) ដូចជាយានដែលជាងផ្គុំស្រួលហើយ ឬដូចសាវ័ក ជាឆ្នើម ដែលមានឥន្ទ្រិយទូន្មានល្អហើយ អណ្តែតទៅរកព្រះសម្ពុទ្ធ ហើយ ប្រតិស្ឋាននៅលើព្រះសិរ្សៈ ។ ព្រះពុទ្ធអគ្គនាយកក្នុងលោក ទ្រង់មានសេចក្តី អនុគ្រោះ ប្រកបដោយសេចក្តីករុណា ទ្រង់គង់នៅក្នុងពួកភិក្ខុ ហើយសម្តែង នូវគាថាទាំងនេះថា បុគ្គលណាបានថ្វាយឆត្រនេះ ដែលតាក់តែងគួរជាទីរីករាយ នៃចិត្ត បុគ្គលនោះ រមែងមិនទៅកាន់ទុគ្គតិ ដោយចិត្តជ្រះថ្លានោះឡើយ ។ បុគ្គលនោះនឹងបានជាទេវរាជក្នុងទេវលោកអស់វារៈ ៧ ដង នឹងបានជាស្តេច ចក្រពត្តិ ៣២ ដង ។ នៅមួយសែនកប្បទៀតនឹងមានព្រះសាស្តាព្រះនាម គោតមៈ កើតក្នុងត្រកូលក្សត្រឱក្កាកៈ នឹងមកត្រាស់ដឹងក្នុងលោក បុគ្គល នោះនឹងបានជាធម្មទាយាទ ជាឱរសជា ធម្មនិម្មិតរបស់ព្រះគោតមនោះ នឹង កំណត់ដឹងនូវអាសវៈទាំងអស់ ជាអ្នកមិនមានអាសវៈ ហើយនឹងបរិនិព្វាន ។ ខ្ញុំដឹងនូវព្រះវាចាដ៏អង់អាច ដែលព្រះសម្ពុទ្ធសម្តែងហើយ ក៏មានចិត្តជ្រះថ្លា មានចិត្តរីករាយ ធ្វើសេចក្តីរីករាយឲ្យកើតឡើង យ៉ាងខ្លាំង ។