គន្ធោទកវគ្គោ
ខ្ញុំបានថ្វាយធូបក្រអូប ដល់ព្រះមានព្រះភាគព្រះនាមសិទ្ធត្ថ ឯធូបក្រអូបនោះ ស្រោបដោយផ្កាម្លិះ ជារបស់សមគួរដល់ព្រះពុទ្ធ ។ ខ្ញុំបាន ឃើញព្រះពុទ្ធ ជាអគ្គនាយកក្នុងលោក ប្រាកដស្មើដោយចេតិយមាស ទ្រង់ រុងរឿងដូចរាជព្រឹក្ស ឬដូចភ្លើងកំពុងឆេះ ទ្រង់អង់អាចក្រៃលែងដូចជាខ្លាធំ ឬដូចកេសររាជសីហ៍ ជាអភិជាត ព្រះអង្គប្រសើរជាងពួកសមណៈ មានភិក្ខុ សង្ឃចោមរោម ទ្រង់កំពុងគង់នៅ ។ លុះខ្ញុំឃើញហើយ ក៏ញ៉ាំងចិត្តឲ្យ ជ្រះថ្លា ផ្គងអញ្ជលីថ្វាយបង្គំព្រះបាទារបស់ព្រះសាស្តា បែរមុខទៅកាន់ទិស ឧត្តរហើយចៀសចេញទៅ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានបូជាគ្រឿងក្រអូប ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផល នៃការបូជាគ្រឿងក្រអូប ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិ ហើយ ។ បានឮថា ព្រះគន្ធធូបិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ ប្រការដូច្នេះ ។