ឯកទុស្សទាយកត្ថេរាបទានទី ៤
ខ្ញុំបានកើតជាអ្នកនាំស្មៅ នៅក្នុងក្រុងហង្សវតី តែងចិញ្ចឹម ជីវិតដោយការនាំស្មៅ ទាំងចិញ្ចឹមប្រពន្ធកូន ដោយការនាំស្មៅនោះដែរ ។ ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង ជានាយក ក្នុងលោក ទ្រង់ញ៉ាំងងងឹតអន្ធការឲ្យវិនាស ហើយត្រាស់ដឹងហើយ ។ កាល នោះ ខ្ញុំអង្គុយក្នុងផ្ទះរបស់ខ្លួន ហើយគិតយ៉ាងនេះថា ព្រះពុទ្ធកើតឡើងហើយ ក្នុងលោក ឯទេយ្យធម៌របស់អាត្មាអញមិនមាន អាត្មាអញមាន តែសាដក មួយនេះ បើអាត្មាអញមិនមានការឲ្យអ្វីមួយទេ នោះការពាល់ត្រូវនូវនរក នាំមក នូវទុក្ខ ហេតុនោះ អាត្មាអញនឹងបណ្តុះទក្ខិណាទាន ។ លុះខ្ញុំគិតយ៉ាងនេះ រួចហើយ ក៏ញ៉ាំងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា ខ្ញុំបានយកសំពត់មួយថ្វាយព្រះសម្ពុទ្ធ ដ៏ប្រសើរ លុះថ្វាយសំពត់មួយរួចហើយ ក៏ស្រែកហោឡើងថា បពិត្រព្រះអង្គ ទ្រង់មានព្យាយាម ជាមហាមុនី បើព្រះអង្គជាព្រះពុទ្ធពិត សូមចម្លងខ្ញុំព្រះអង្គ ផង ។ ព្រះសម្ពុទ្ធព្រះនាមបទុមុត្តរៈ ទ្រង់ជ្រាបច្បាស់នូវលោក ទ្រង់គួរទទួល គ្រឿងបូជា កាលសម្តែងទានរបស់ខ្ញុំ ទ្រង់បានធ្វើអនុមោទនាដល់ខ្ញុំថា កុលបុត្ត នេះនឹងមិនទៅកាន់វិនិបាត អស់មួយសែនកប្ប ដោយផលនៃសំពត់មួយនេះ ផង ដោយការតម្កល់ទុកនូវចេតនាផង នឹងបានកើតជាព្រះឥន្ទ គ្រងទេវរាជ្យ អស់ ៣៦ ដង នឹងកើតជាស្តេចចក្រពត្តិ ៣៣ ដង នឹងគ្រប់គ្រងប្រទេស រាជ្យដ៏ធំទូលាយ រាប់បានមួយអសង្ខេយ្យកប្ប អ្នកកាលអន្ទោលទៅ ក្នុង ទេវលោកនិងមនុស្សលោក នឹងមានរូបល្អ មានគុណធម៌បរិបូណ៌ មានរាងកាយ មិនវិកលវិការៈ សំពត់ច្រើនរាប់មិនបាននឹងកើតឡើង ( ដល់អ្នក ) គួរតាមសេចក្តីប្រាថ្នា ។