ផុស្សិតកម្មិយត្ថេរាបទានទី ៥

ក្បាលទី 61 · ទំព័រ 40

កាលនោះ ព្រះសម្ពុទ្ធព្រះនាមវិបស្សី ជាច្បងក្នុងលោក ប្រសើរជាងនរជន បរិបូណ៌ដោយព្រះខីណាស្រព ទ្រង់គង់នៅក្នុងសង្ឃារាម ។ ព្រះវិបស្សីលោកនាយកអង្គនោះ ស្តេចចេញអំពីទ្វារអារាម មួយអន្លើដោយ ព្រះខីណាស្រព ៨ សែនអង្គ ។ ខ្ញុំស្លៀកស្បែកខ្លាឃ្មុំ ដណ្តប់សម្បកឈើ ហើយដងយកទឹកអណ្តូង កាន់ដើរចូលទៅគាល់ព្រះសម្ពុទ្ធ ។ ខ្ញុំញ៉ាំងចិត្ត របស់ខ្លួនឲ្យជ្រះថ្លា មានសេចក្តីត្រេកអរកើតឡើង ក៏ធ្វើអញ្ជលី យកទឹក អណ្តូងនោះ ប្រោះព្រំព្រះសម្ពុទ្ធ ។ ហេតុតែកុសលកម្មនោះ ព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ សម្តែងនូវកម្មនោះដល់ខ្ញុំ ហើយស្តេចពុទ្ធដំណើរទៅកាន់ ទីគួរតាមប្រាថ្នា ខ្ញុំបានបូជាព្រះជិនស្រី ដោយទឹកប្រាំពាន់តំណក់ បានសោយ ទេវរាជ្យ ៣ ពាន់ដងដោយកន្លះ ( ២៥០០ ) ។ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៣ ពាន់ដងដោយកន្លះ បានដល់អរហត្តដោយកុសលកម្មដ៏សេសសល់ ។ ខ្ញុំបានជា ស្តេចនៃទេវតា ជាធំជាងពួកមនុស្ស ក្នុងកាលណា កាលនោះ ឈ្មោះ របស់ខ្ញុំនោះ ក៏ឈ្មោះថា ផុស្សិតៈ ។ មួយទៀត កាលខ្ញុំកើតជាទេវតា ឬកើតជាមនុស្ស គ្រាប់ភ្លៀងរមែងបង្អុរចុះដល់ខ្ញុំ មួយព្យាមដោយជុំវិញ ។ ខ្ញុំគាស់រំលើងភពចោលហើយ ខ្ញុំដុតបំផ្លាញពួកកិលេសអស់ហើយ ខ្ញុំជាអ្នកអស់ អាសវៈទាំងពួងហើយ នេះជាផលនៃតំណក់ទឹក ។ កាយរបស់ខ្ញុំមាន ក្លិនក្រអូបផ្សាយទៅ ដូចក្លិននៃខ្លឹមចន្ទន៍ ក្លិនដែលជាប់នឹងសរីរៈរបស់ខ្ញុំ រមែងផ្សាយទៅបានក្នុងទីកន្លះក្រោស ( ២៥០ ជួរធ្នូ ) ។