តិណកុដិទាយកត្ថេរាបទានទី ៧
ខ្ញុំជាកម្មករនៃជនដទៃ នៅក្នុងក្រុងឈ្មោះពន្ធុមតី ប្រកបការងារ នៃជនដទៃ ពឹងផ្អែកដោយថ្លៃឈ្នួលនៃជនដទៃ ។ កាលនោះ ខ្ញុំទៅ អង្គុយក្នុងទីស្ងាត់ ហើយគិតយ៉ាងនេះថា ព្រះពុទ្ធកើតឡើងហើយក្នុងលោក ឯការបរិច្ចាគរបស់អាត្មាអញមិនទាន់មាន កាលនេះ គួរតែអាត្មាជម្រះនូវគតិ ខណៈប្រាកដដល់អាត្មាអញហើយ ការពាល់ត្រូវនូវនរករមែងជាទុក្ខរបស់ពួកស ត្វដែលមិនមានបុណ្យ ។ លុះខ្ញុំគិតយ៉ាងនេះហើយ ទើបចូលទៅរកបុគ្គល អ្នកម្ចាស់ការ ហើយសូមផ្អាកការងារមួយថ្ងៃ រួចដើរចូលទៅក្នុងព្រៃធំ ។ កាលនោះ ខ្ញុំយកស្មៅឈើនិងវល្លិមកហើយ ខ្ញុំបោះឈើ ៣ កំណាត់ ធ្វើជា កុដិស្មៅ ទើបខ្ញុំថ្វាយកុដិនោះ ដើម្បីប្រយោជន៍ដល់សង្ឃ ហើយវិលចូលមក រកបុគ្គលជាម្ចាស់ការក្នុងថ្ងៃនោះ ។ ហេតុតែកុសលកម្មដែលខ្ញុំសាងល្អ ហើយនោះ ខ្ញុំក៏បានទៅកើតក្នុងឋានតាវត្តិង្សមាន វិមានដ៏វិសេសវិសាល ដែលបុញ្ញកម្មតាក់តែងហើយ ក្នុងឋានតាវត្តិង្សនោះ ព្រោះតែកុដិស្មៅរបស់ខ្ញុំ ។ វិមាននោះជាវិការៈនៃកែវមណីខេវោ មានកម្ពស់មួយពាន់ជួរកូនសរ មានជាន់ ១០០ បរិបូណ៌ដោយទង់ ឯប្រាសាទកំពូលមួយសែន កើតឡើងក្នុងវិមាននៃ ខ្ញុំនោះ ។ ខ្ញុំទៅយកកំណើតណា ៗ ទោះបីជាទេវតាឬជាមនុស្ស ប្រាសាទ ហាក់ដូចជាដឹងបំណងរបស់ខ្ញុំ ហើយផុសឡើង ។ ភ័យក្តី សេចក្តីតក់ស្លុតក្តី ការព្រឺរោមក្តី មិនដែលមានដល់ខ្ញុំឡើយ ខ្ញុំមិនដែលស្គាល់សេចក្តីតក់ស្លុត នេះជាផលនៃកុដិស្មៅ ។ សត្វទាំងពួង គឺរាជសីហ៍ ខ្លាធំ ខ្លាដំបង ខ្លាឃ្មុំ ឆ្កែព្រៃ ខ្លារខិន រមែងចៀសវាងខ្ញុំ នេះជាផលនៃកុដិស្មៅ ។