ឧក្ខិត្តបទុមិយត្ថេរាបទានទី ១០

ក្បាលទី 61 · ទំព័រ 50

កាលនោះ ខ្ញុំជាអ្នកក្រងផ្កា នៅក្នុងក្រុងហង្សវតី បានចុះទៅក្នុង ស្រះឈូក ហើយកាច់យកផ្កាឈូក ។ ព្រះជិនស្រី ព្រះនាមបទុមុត្តរៈទ្រង់ ដល់នូវត្រើយនៃធម៌ទាំងពួង មួយអន្លើដោយព្រះខីណាស្រពមួយសែនអង្គ ជា អ្នកមានចិត្តស្ងប់រម្ងាប់ ប្រកបដោយតាទិគុណ មានសន្តានស្អាត បានអភិញ្ញា ៦ និងមានឈាន ទ្រង់ជាបុរសដ៏ខ្ពង់ខ្ពស់ ទ្រង់ស្វែងរកសេចក្តីចម្រើនដល់ខ្ញុំ បានធ្វើពុទ្ធដំណើរមករកខ្ញុំ ។ កាលនោះ ខ្ញុំបានឃើញព្រះសយម្ភូ ជាលោកនាយក ជាទេវតាក្រៃលែងជាងទេវតា ទើបកាច់ផ្កាឈូកត្រង់ទង បោះឡើង ទៅនាអាកាស ។ ខ្ញុំប្រកាសថា បពិត្រព្រះអង្គជាអ្នកប្រាជ្ញ បើព្រះអង្គជា ព្រះពុទ្ធ ជាច្បងក្នុងលោក ប្រសើរជាងពួកនរជនមែន សូមផ្កាឈូកទាំងនុ៎ះ អណ្តែតទៅឯង សូមផ្កាឈូកទាំងនុ៎ះ បាំងពីខាងលើព្រះសិរ្សៈ ( របស់ព្រះអង្គ ) ចុះ ។ ព្រះសម្ពុទ្ធទ្រង់មានព្យាយាមធំ ជាច្បងក្នុងលោក ប្រសើរជាងពួកនរជន ទ្រង់អធិដ្ឋានហើយ ផ្កាឈូកទាំងនោះ ក៏បាំងពីខាងលើព្រះសិរ្សៈនៃព្រះអង្គ ដោយពុទ្ធានុភាព ។ ដោយកុសលកម្មដែលខ្ញុំធ្វើនោះផង ដោយការតាំង ចេតនានោះផង លុះខ្ញុំលះរាងកាយជារបស់មនុស្សហើយ ក៏បានទៅកើត ក្នុងឋានតាវត្តិង្ស ។ វិមានដែលបុញ្ញកម្មតាក់តែងល្អហើយសម្រាប់ខ្ញុំ ក្នុង ឋានតាវត្តិង្សនោះ គេហៅថាសត្តបត្តៈ មានកម្ពស់ ៦០ យោជន៍ មានទំហំ ៣០ យោជន៍ ។ ខ្ញុំបានកើតជាព្រះឥន្ទ សោយទេវរាជ្យអស់មួយពាន់ដង កើតជាស្តេចចក្រពត្តិអស់ ៧៥ ដង ។ ខ្ញុំបានសោយប្រទេសរាជ្យដ៏ធំទូលាយ រាប់បានមួយអសង្ខេយ្យកប្ប ខ្ញុំសោយនូវកុសលកម្មរបស់ខ្លួន ដែលខ្លួនធ្វើ