ឯកបទុមិយវគ្គោ
ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង កំពុងទ្រង់សម្តែងធម៌ឲ្យបណ្តាជនច្រើននាក់ ឆ្លងនូវភពតូចនិងភពធំ ។ កាលនោះ ខ្ញុំកើតជាស្តេចហង្សប្រសើរជាងសត្វស្លាបទាំងឡាយ បានចុះ កាន់ជាតស្រះ ហើយលេងល្បែងហង្ស ។ ខណៈនោះ ព្រះជិនស្រី ព្រះនាម បទុមុត្តរៈ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់គួរទទួលគ្រឿងបូជា បានស្តេចពុទ្ធ ដំណើរមកពីខាងលើជាតស្រះ ។ ខ្ញុំបានឃើញព្រះសយម្ភូលោកនាយក ជា ទេវតាក្រៃលែងជាងទេវតា ក៏កាច់ផ្កាបទុមជាត គឺផ្កាឈូកជាទីរីករាយនៃចិត្តត្រ ង់ទង ខ្ញុំមានចិត្តជ្រះថ្លា បានពាំយកផ្កានោះដោយចំពុះ ហើយបោះទៅ ព្ធដ៏អាកាស បូជាព្រះសម្ពុទ្ធដ៏ប្រសើរ ។ ព្រះសាស្តា ព្រះនាមបទុមុត្តរៈ ទ្រង់ ជ្រាបច្បាស់ត្រៃលោក ទ្រង់គួរទទួលគ្រឿងបូជា បានប្រថាប់នៅព្ធដ៏អាកាស ហើយធ្វើអនុមោទនាថា អ្នកនឹងមិនទៅកើតក្នុងវិនិបាត អស់មួយសែនកប្ប ដោយផ្កាឈូកមួយនេះផង ដោយការតាំងចេតនានេះផង ។ ព្រះសម្ពុទ្ធព្រះនាម បទុមុត្តរៈ លុះទ្រង់សម្តែងនូវអនុមោទនានេះ ព្រមទាំងទ្រង់សរសើរកុសលកម្ម របស់ខ្ញុំរួចហើយ ស្តេចពុទ្ធដំណើរទៅកាន់ទីគួរតាមប្រាថ្នា ។ ក្នុងកប្បទី មួយសែនអំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះ ពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះឯកបទុមិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។