តិណុប្បលមាលិយត្ថេរាបទានទី ២
កាលនោះ ខ្ញុំកើតជាពានរ នៅទៀបឆ្នេរស្ទឹងចន្ទភាគា បាន ឃើញព្រះសម្ពុទ្ធ ប្រាសចាកធូលីគឺកិលេស ទ្រង់គង់នៅត្រង់ចន្លោះភ្នំ ។ ខ្ញុំ មានចិត្តត្រេកអរ ព្រោះបានឃើញព្រះពុទ្ធ ទ្រង់ញ៉ាំងទិសទាំងពួងឲ្យភ្លឺ ប្រកបដោយ លក្ខណៈនិងអនុព្យញ្ជនៈ ដូចស្តេចសាលព្រឹក្សដែលមានផ្ការីក ។ ខ្ញុំ មានចិត្តខ្ពស់ឯក មានចិត្តរីករាយ មានចិត្តស្រស់ស្រាយដោយបីតិ បាន ប្រទូលលើក្បាលនូវផ្កាឧប្បល ៣ ថ្វាយព្រះអង្គ ។ លុះខ្ញុំបូជាផ្កាទាំងឡាយ ចំពោះព្រះមហេសីព្រះនាមវិបស្សីរួចហើយ ជាអ្នកមានសេចក្តីគោរព បែរមុខ ស្មោះទៅកាន់ទិសឧត្តរ ដើរចេញទៅ ។ ខ្ញុំកំពុងមានចិត្តជ្រះថ្លាដើរត្រឡប់ថយ ក្រោយ ក៏ធ្លាក់ទៅក្នុងជ្រោះភ្នំ ដល់នូវការអស់ទៅនៃជីវិត ។ ដោយកុសលកម្ម ដែលខ្ញុំបានធ្វើនោះផង ដោយការតាំងចេតនានោះផង លុះខ្ញុំលះបង់នូវរាងកាយ ជារបស់មនុស្សហើយ បានទៅកើតក្នុងឋានតាវត្តិង្ស ។ ខ្ញុំបានសោយទេវរាជ្យ អស់ ៣០០ ដង បានកើតជាស្តេចចក្រពត្តិអស់ ៥០០ ដង ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផល នៃពុទ្ធបូជា ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ ជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះតិណុប្បលមាលិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។